កាលបរិច្ឆេទ: ០៩ មិថុនា ២០២៣
កាលពីថ្ងៃទី១ មិថុនាកន្លងទៅនេះ ប្រធានក្រុមហ៊ុនមកពីសហគ្រាសធុនតូច និងមធ្យមប្រមាណ៣០រូបបានចុះធ្វើទស្សនកិច្ចនៅរោងចក្ររបស់សហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វីរេល ក្នុងឱកាសរៀបចំប្រកួតដណ្តើមពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនរានុវត្តន៍(INEI) និងតួអង្គសំខាន់ៗផ្សេងទៀត។ គួររម្លឹកផងដែរថា ក្រុមហ៊ុនខនហ្វីរេល និងសហគ្រាសផលិតឱសថប៉េប៉េអឹមធ្លាប់បានទទួលជ័យលាភីពីពានរង្វាន់នេះចំនួនពីរលើកមកហើយ ដែលលើកទីមួយគឺនៅឆ្នាំ២០២១(ជ័យលាភីទី១) និងលើកទីពីរនៅឆ្នាំ២០២២(ជ័យលាភីទី២)។
ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលរយៈពេលបីថ្ងៃដែលរៀបចំឡើងដោយ INEI ។ លោកហ៊ឹម ពិសិដ្ឋ អគ្គនាយករងក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល ទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស និងជានាយករោងចក្រខនហ្វីរេល និងលោកសាកេត សីលា ជំនួយការរបស់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ស្ថាបនិក និងប្រធានអគ្គនាយកក្រុមហ៊ុនសហគ្រាស បានអធិប្បាយពន្យល់ដល់សហគ្រិនទាំងអស់ដែលជាភ្ញៀវពីតំណាក់កាលសំខាន់ៗនៃប្រវត្តិការកកើតក្រុមហ៊ុនសហគ្រាស និងពីចក្ខុវិស័យក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកសាកេត សីលា សង្កត់ធ្ងន់ជាពិសេសទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនសហគ្រាសក្នុងការធានាឲ្យមានឯករាជ្យភាពលើវិស័យសុខាភិបាល និងចំណីអាហារនៅកម្ពុជា។
លោកសាស្រ្តាចារ្យ គួន វន្នី តំណាង INEI និងជាប្រធានគណៈប្រតិភូ មានប្រសាសន៍គូសបញ្ជាក់ថា សហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វីរេលគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលឈានមុខគេនៅកម្ពុជា ហើយផលិតផលរបស់ក្រុមហ៊ុនសហគ្រាសត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។ លោកក៏បានកត់សម្គាល់ផងដែរថា ក្រុមហ៊ុនសហគ្រាសធ្លាប់ទទួលបានពានរង្វាន់អន្តរជាតិជាច្រើនផងដែរ។
ក្នុងពេលដើរមើលផ្នែកផលិត អ្នកខ្លះលាន់មាត់ថា ទំនើបណាស់ដូចរោងចក្រនៅបរទេសអ៊ីចឹង។ បន្ទាប់ពីដំណើរទស្សនកិច្ចឈានដល់ទីបញ្ចប់ គណៈប្រតិភូក៏បានភ្លក់ផលិតផលខ្មែររបស់ក្រុមហ៊ុនខនហ្វីរេលដែលគេទទួលស្គាល់នៅលើឆាកអន្តរជាតិ៕